ភ្នំពេញៈ បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ទាក់ទិននឹងការលួចព្រះសុវណ្ណកោដិ ព្រះបរមសារីរិកធាតុនិងរបស់មានតម្លៃពីព្រះសត្យមុនីចេតិយភ្នំ ឧដុង្គ និងទិញរបស់មានតម្លៃ ខណៈសមត្ថកិច្ច បានដង្ហែព្រះសុវណ្ណកោដិយកមកទុកក្នុងព្រះបរមរាជវាំង រង់ចាំវេលាល្អសម្រាប់ដង្ហែទៅកាន់ភ្នំ ឧដុង្គ វិញ។
http://www.postkhmer.com/national/1-national-news/110366-2014-02-10-03-20-45
ព័ត៌មានពីវេបសាយនគរបាល បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង កាល ពីថ្ងៃសុក្របានដង្ហែព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ ពីវត្ត មុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក យកមកតម្កល់ទុកក្នុងព្រះបរមរាជវាំង ហើយរង់ចាំដង្ហែទៅតម្កល់នៅព្រះសក្យមុនីចេតិយ លើភ្នំ ព្រះរាជទ្រព្យ (ភ្នំ ឧដុង្គ) ដូចដើមវិញ «នាពេលវេលាល្អណាមួយ តាមព្រះពុទ្ធសាសនា»។
បុរសឈ្មោះ កែវ រស្មី អាយុ ២៤ឆ្នាំ ត្រូវបានសមត្ថកិច្ចអះអាងថា ជាជនសង្ស័យក្នុងការលួចព្រះសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើន ពីភ្នំ ឧដុង្គ រួមជាមួយនឹងស្ត្រីឈ្មោះ សៀក សារ៉េត អាយុ ៣៩ឆ្នាំ ដែលជាអ្នកទិញលក់មាសនៅស្រុក ទ្រាំង ខេត្ត តាកែវ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីរសៀលថ្ងៃព្រហស្បតិ៍។
លោក លឹម សុគន្ថា ចៅក្រមសាលាដំបូងខេត្ត កណ្តាល បានឲ្យដឹងកាលពីម្សិលមិញថា បុរស កែវ រស្មី ត្រូវបានលោកចេញដីកាឃុំខ្លួន កាលពីថ្ងៃសុក្រ ពីបទលួចមានស្ថានទម្ងន់ទោស រីឯស្ត្រីសៀក សារ៉េត ឃុំខ្លួននៅថ្ងៃសៅរ៍ ពីបទទទួលផលចោរកម្ម។ លោកថ្លែងថា៖ «យើងសម្រេចបញ្ជូនពួកគេទៅកាន់ពន្ធនាគាររង់ចាំការស៊ើបអង្កេតបន្តទៀត។ ដូច្នេះរឿងបាត់សារីរិកធាតុមានមនុស្ស ៧ នាក់ហើយ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ»។
នគរបាលខេត្ត កណ្តាល បានឲ្យដឹងថា នៅពេលចាប់ខ្លួន កែវ រស្មី គេបានរកឃើញក្នុងផ្ទះជននេះនូវកោដ្ឋ និងសារីរិកធាតុ ព្រមទាំងព្រះពុទ្ធអង្គមាសមួយអង្គ និងព្រះកេសមួយផងដែរ។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាល បានថ្លែងថា បុរសនេះ បានរំលាយព្រះពុទ្ធអង្គ ប្រមាណ ១០ អង្គ ដែលធ្វើស្រោបមាសដើម្បីយកទៅលក់នៅឯទីផ្សារ ហើយស្ត្រីសៀក សារ៉េត ជាអ្នកទិញលក់មាស បានទិញរបស់ទាំងនោះ។
លោកបន្តថា ពីមុនគ្រួសារ រស្មី ជាអ្នកក្រីក្រ ដោយខ្លួនគេ តែងតែឌុបយាយរបស់ខ្លួនទៅសុំទាន «ជារៀងរាល់ថ្ងៃ» ប៉ុន្តែក្នុងរយៈពេលមួយខែចុងក្រោយនេះ ក៏ក្លាយជាអ្នកមានយ៉ាងឆាប់រហ័សក្នុងភូមិ កកោះ ឃុំ ខ្វាវ «គាត់បានឈប់សុំទាន និងបានទិញឡានកូរ៉េស៊េរី ២០១៤ មួយគ្រឿង និងសង់ផ្ទះឈើ ៣ខ្នង»។ បុរសរូបនេះ ធ្លាប់មានប្រវត្តិលួចគោ និងបុកមនុស្សស្លាប់រហូតជាប់ពន្ធនាគារចំនួនពីរដងមកហើយ។
បុរសបួននាក់ ជាឆ្មាំយាមនៅភ្នំ ឧដុង្គ ក្នុងនោះ ក៏មានប្រធានឆ្មាំឈ្មោះ ផា សុខែម និងអ្នកភូមិម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ ទី១០ ខែ ធ្នូ ជាថ្ងៃដែលបាត់សារីរិកធាតុពីលើភ្នំ ឧដុង្គ។ អ្នកទាំងប្រាំ ក្រោយមក ក៏ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារ ពីបទលួចផងដែរ។
លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃសុក្រថា អ្នកទាំងប្រាំនេះ «នៅតែជាមុខសញ្ញាដើម្បីស្រាវជ្រាវបន្ថែម» ព្រោះថា ទោះរកឃើញសារីរិកធាតុក៏ដោយ ព្រះពុទ្ធរូបដែលបានបាត់ គឺយើងរកឃើញនៅផ្ទះគាត់ ប៉ុន្តែជនដៃដល់ក្នុងការលួចសារីរិកធាតុ គឺមានតែឈ្មោះ កែវ រស្មី ប៉ុណ្ណោះ។
បើទោះបីជាព្រះសារីរិកធាតុ ត្រូវបានសមត្ថកិច្ចអះអាងថា បានរកឃើញវិញក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន បានសម្តែងការមន្ទិលសង្ស័យ ថា កោដ្ឋដាក់តម្កល់ព្រះសារីរិកធាតុ ដែលបានរកឃើញនេះ អាចក្លែងក្លាយ ហើយជនដែលត្រូវចាប់ខ្លួន អាចជាអ្នកដែលគេឲ្យទទួលទោសជំនួសអ្នកដទៃ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលធ្លាប់ដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាលស្វែងរកព្រះសារីរិកធាតុឲ្យឃើញនោះ មានសង្ឃដីកាកាលពីម្សិលមិញថា ព្រះតេជគុណនៅមិនទាន់ជឿទាំងស្រុងថា កោដ្ឋតម្កល់ព្រះសារីរិកធាតុដែលសមត្ថកិច្ចទើបចាប់បានពីជនសង្ស័យ នោះ ពិតឡើយ ពីព្រោះទាំងទម្រង់ ពណ៌សម្បុររបស់ព្រះសុវណ្ណកោដ្ឋមើលទៅគឺខុសពីកោដ្ឋដែលព្រះអង្គធ្លាប់ឃើញកាលពីមុន។
ព្រះតេជគុណបន្តថា៖ «យើងកំពុងធ្វើការទាមទារឲ្យរដ្ឋាភិបាលចាក់បង្ហាញឯកសារសម័យព្រះករុណា ព្រះនរោត្តម សីហនុ ឆ្នាំ ២០០២ ដង្ហែព្រះសារីរិកធាតុឲ្យពលរដ្ឋដឹង និងបានមើលព្រះកោដ្ឋនោះ រួចហើយ ត្រូវចាក់កោដ្ឋដែលរកឃើញថ្មីនេះ នោះពលរដ្ឋនឹងដឹងថា ជារបស់ពិត ឬមិនពិត»។
នៅតាមបណ្តាញសង្គម ហ្វេសប៊ុក គេបានបង្ហោះកោដ្ឋដាក់តម្កល់ព្រះសារីរិកធាតុ ចំនួនពីរ ដែលត្រូវបានគេអះអាងថា មួយជាកោដ្ឋចាស់ កាលពីមិនទាន់បាត់ និងកោដ្ឋថ្មី ដែលទើបរកឃើញដែលរូបទាំងពីរនេះមើលទៅមានលក្ខណៈខុសគ្នា៕