Tuesday, February 18, 2014

សាលាក្តី​ខ្មែរ​ក្រហម​តែង​តាំង​មេធាវី​បរទេស​ម្នាក់​ទៀត​ឲ្យ​កាន់​សំណុំ​រឿ​ង ០០៤

ដោយ ប៉ែន បូណា
សំណុំរឿង ០០៣ និង ០០៤ ដ៏​ចម្រូងចម្រាស​កំពុងតែ​ដំណើរការ​ទៅមុខ​បើទោះបីជា​មានការ​ខ្វែងគំនិត​គ្នា​ រវាង​សហ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​ក៏ដោយ។ មេធាវី​បរទេស​ម្នាក់ទៀត​គឺ​លោកស្រី ស៊ូ​ហ្សា​ណា តូ​ម៉ា​ណូ​វិក ( Suzana Tomanovic ) ជនជាតិ​ប៊ូ​ស្នៀ ត្រូវបាន​តុលាការ​តែងតាំង​ជា​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ​ម្នាក់​ ក្នុង​សំណុំរឿង ០០៤។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ឲ្យ​ដឹងថា ការស៊ើបអង្កេត​សំណុំរឿង ០០៣ និង ០០៤ គ្រោង​បិទ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤ នេះ។

សាលាក្តី​ខ្មែរក្រហម​ទើបតែ​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ​នេះ​ថា មេធាវី​អន្តរជាតិ​មួយរូប​គឺ​លោកស្រី ស៊ូ​ហ្សា​ណា តូ​ម៉ា​ណូ​វិក មកពី​ប្រទេស​ប៊ូ​ស្នៀ ត្រូវបានតែងតាំង​ជា​សហ​មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ជនសង្ស័យ​ម្នាក់​ក្នុង​ សំណុំរឿង ០០៤ ។ ព័ត៌មាន​នេះ​បានបញ្ជាក់​ឲ្យ​ដឹងថា បើទោះបីជា​សហ​ចៅក្រម​ស៊ើបអង្កេត​ភាគី​កម្ពុជា​និង​ភាគី​សហប្រជាជាតិ​នៅ​បន្ត ​ខ្វែងគំនិត​គ្នា​អំពី​នីតិវិធី​នៃ​ការស៊ើបអង្កេត​ក៏ដោយ ក៏​សំណុំរឿង ០០៣ និង ០០៤ នៅតែ​ដំណើរការ​ទៅមុខ​ជានិច្ច។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សំណុំរឿង ០០៣ និង ០០៤ កំពុងស្ថិត​ក្នុង​ដៃ​សហ​ចៅក្រម​ស៊ើបអង្កេត។ បើ​យោងតាម​អ្នកនាំពាក្យ​ដដែល មេធាវី​តំណាង​ឲ្យ​ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៣ និង ០០៤ មាន​ដល់​ទៅ៣ក្រុម ហើយ​ពួកគេ​កំពុង​បំពេញ​កិច្ចការ​ក្នុងនាម​ជា​តំណាង​ឲ្យ​ជនសង្ស័យ​ដែលមាន​ ឈ្មោះ​ក្នុង​ដីកា​បញ្ជូន​រឿង​ឲ្យ​សាកសួរ។

រហូតមកដល់​ពេលនេះ ជនសង្ស័យ​ក្នុង​សំណុំរឿង​ថ្មី​ទាំងពីរ​មិនទាន់​ត្រូវបាន​តុលាការ​បញ្ចេញ​ឲ្យ ​ដឹង​នៅឡើយ​ទេ។ លោក នេត្រ ភក្ត្រា ពន្យល់ថា គេ​ត្រូវ​រង់ចាំ​រហូតដល់​ការស៊ើបអង្កេត​ចប់សព្វគ្រប់ និង​ប្រសិនបើ​តុលាការ​សម្រេច​ចោទប្រកាន់​និង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ទើប​គេ​ អាច​ដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ។ យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលមាន​ក្នុង​ដីកា​បញ្ជូន​សំណុំរឿង​ឲ្យ​សាកសួរ​ក្នុង​សំណុំរឿង​ ទាំងពីរ​សរុប​មាន ៥នាក់​ក្នុងនោះ​សំណុំរឿង ០០៣ មាន៤នាក់​និង​សំណុំរឿង ០០៤មាន​ម្នាក់។

បើទោះបីជា​តុលាការ​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ទាំងនោះ​ក៏ដោយ ក៏​ព័ត៌មាន​នេះ​ត្រូវបាន​បែកធ្លាយ​រួចទៅហើយ។ កន្លងទៅ​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយចំនួន​ក៏បាន​បញ្ចេញ​ឈ្មោះ​អ្នក​ទាំងនោះ​ជា ​សាធារណៈ​រួចហើយ​ដែរ។ សាលាក្តី​ធ្លាប់បាន​ព្រមាន​ចំពោះ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ឈ្មោះ ​ជនសង្ស័យ​ទាំងនោះ​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

យ៉ាងណាក៏ដោយ តុលាការ​មិនបាន​ចាត់វិធានការ​ណាមួយ​ប្រឆាំង​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះទេ។ បើ​យោងតាម​លោក នេត្រ ភក្ត្រា ការស៊ើបអង្កេត​សំណុំរឿង០០៣ និង ០០៤ គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤ នេះហើយ។ តុលាការ​នឹង​យក​លទ្ធផល​នៃ​ការស៊ើបអង្កេត​នោះ​ទៅ​ពិចារណា​មុននឹង​សម្រេច​ថា តើ​ជនសង្ស័យ​ណាខ្លះ​ដែល​ត្រូវ​ចោទប្រកាន់​ឬក៏​ត្រូវ​លើកលែង​ការចោទប្រកាន់៕

tags: កម្ពុជា - តុលាការខ្មែរក្រហម
Resource:http://www.khmer.rfi.fr