Sunday, February 9, 2014

តុលាការ​ចោទ​បុរស​ម្នាក់​ស្ត្រី​ម្នាក់​រឿង​លួច​ព្រះ​សារីរិកធាតុ


ភ្នំពេញៈ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ទាក់​ទិន​នឹង​ការ​លួច​ព្រះ​សុវណ្ណកោដិ ព្រះ​បរមសារី​រិកធាតុ​និង​របស់​មាន​តម្លៃ​ពី​ព្រះ​សត្យមុនី​ចេតិយ​ភ្នំ ឧដុង្គ និង​ទិញ​របស់​មាន​តម្លៃ ខណៈ​សមត្ថកិច្ច បាន​ដង្ហែ​ព្រះ​សុវណ្ណ​កោដិ​យក​មក​ទុក​ក្នុង​ព្រះ​បរមរាជវាំង រង់​ចាំ​វេលា​ល្អ​សម្រាប់​ដង្ហែ​ទៅ​កាន់​ភ្នំ ឧដុង្គ វិញ។
http://www.postkhmer.com/national/1-national-news/110366-2014-02-10-03-20-45
ព័ត៌មាន​ពី​វេបសាយ​នគរបាល បាន​ឲ្យ​ដឹង​ថា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី គង់ សំអុល រដ្ឋ​មន្ត្រី​ក្រសួង ព្រះ​បរម​រាជវាំង កាល ពីថ្ងៃ​សុក្រ​បាន​ដង្ហែ​ព្រះ​សុវណ្ណកោដ្ឋ ព្រះ​បរម​សារីរិកធាតុ ពី​វត្ត មុនីសុវណ្ណ ហៅ​វត្ត ចំពុះ​ក្អែក យក​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង ហើយ​រង់ចាំ​ដង្ហែ​ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនី​ចេតិយ លើ​ភ្នំ ព្រះ​រាជទ្រព្យ (ភ្នំ ឧដុង្គ) ដូច​ដើម​វិញ «នា​ពេល​វេលា​ល្អ​ណា​មួយ តាម​ព្រះពុទ្ធ​សាសនា»។
បុរស​ឈ្មោះ កែវ រស្មី អាយុ ២៤ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ជា​ជន​សង្ស័យ​ក្នុង​ការ​លួច​ព្រះ​សារីរិកធាតុ និង​វត្ថុ​មាន​តម្លៃ​ជាច្រើន ពី​ភ្នំ ឧដុង្គ រួម​ជាមួយ​នឹង​ស្ត្រី​ឈ្មោះ សៀក សារ៉េត អាយុ ៣៩ឆ្នាំ ដែល​ជា​អ្នក​ទិញ​លក់​មាស​នៅ​ស្រុក ទ្រាំង ខេត្ត តាកែវ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។
លោក លឹម សុគន្ថា ចៅក្រម​សាលា​ដំបូង​ខេត្ត កណ្តាល បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុរស កែវ រស្មី ត្រូវ​បាន​លោក​ចេញ​ដីកា​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស រីឯ​ស្ត្រី​សៀក សារ៉េត ឃុំ​ខ្លួន​នៅ​ថ្ងៃ​សៅរ៍ ពី​បទ​ទទួល​ផល​ចោរកម្ម។ លោក​ថ្លែង​ថា៖ «យើង​សម្រេច​បញ្ជូន​ពួក​គេ​ទៅ​កាន់​ពន្ធនាគារ​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ ដូច្នេះ​រឿង​បាត់​សារីរិកធាតុ​មាន​មនុស្ស ៧ នាក់​ហើយ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ»។
នគរបាល​ខេត្ត កណ្តាល បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចាប់​ខ្លួន កែវ រស្មី គេ​បាន​រក​ឃើញ​ក្នុង​ផ្ទះ​ជន​នេះ​នូវ​កោដ្ឋ និង​សារីរិកធាតុ ព្រម​ទាំង​ព្រះពុទ្ធ​អង្គ​មាស​មួយ​អង្គ និង​ព្រះ​កេស​មួយ​ផង​ដែរ។
លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត កណ្តាល បាន​ថ្លែង​ថា បុរស​នេះ បាន​រំលាយ​ព្រះពុទ្ធ​អង្គ ប្រមាណ ១០ អង្គ ដែល​ធ្វើ​ស្រោប​មាស​ដើម្បី​យក​ទៅ​លក់​នៅ​ឯ​ទីផ្សារ ហើយ​ស្ត្រី​សៀក សារ៉េត ជា​អ្នក​ទិញ​លក់​មាស បាន​ទិញ​របស់​ទាំង​នោះ។
លោក​បន្ត​ថា ពី​មុន​គ្រួសារ រស្មី ជា​អ្នក​ក្រីក្រ ដោយ​ខ្លួន​គេ តែង​តែ​ឌុប​យាយ​របស់​ខ្លួន​ទៅ​សុំ​ទាន «ជា​រៀង​រាល់​ថ្ងៃ» ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ក៏​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ភូមិ កកោះ ឃុំ ខ្វាវ «គាត់​បាន​ឈប់​សុំ​ទាន និង​បាន​ទិញ​ឡាន​កូរ៉េ​ស៊េរី ២០១៤ មួយ​គ្រឿង និង​សង់​ផ្ទះ​ឈើ ៣ខ្នង»។ បុរស​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​លួច​គោ និង​បុក​មនុស្ស​ស្លាប់​រហូត​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង​មក​ហើយ។
បុរស​បួន​នាក់ ជា​ឆ្មាំ​យាម​នៅ​ភ្នំ ឧដុង្គ ក្នុង​នោះ ក៏​មាន​ប្រធាន​ឆ្មាំ​ឈ្មោះ ផា សុខែម និង​អ្នក​ភូមិ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ ទី១០ ខែ ធ្នូ ជា​ថ្ងៃ​ដែល​បាត់​សារីរិកធាតុ​ពី​លើ​ភ្នំ ឧដុង្គ។ អ្នក​ទាំង​ប្រាំ ក្រោយ​មក ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ពី​បទ​លួច​ផង​ដែរ។
លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា អ្នក​ទាំង​ប្រាំ​នេះ «នៅ​តែ​ជា​មុខ​សញ្ញា​ដើម្បី​ស្រាវជ្រាវ​បន្ថែម» ព្រោះ​ថា ទោះ​រក​ឃើញ​សារីរិកធាតុ​ក៏​ដោយ ព្រះពុទ្ធ​រូប​ដែល​បាន​បាត់ គឺ​យើង​រក​ឃើញ​នៅ​ផ្ទះ​គាត់ ប៉ុន្តែ​ជន​ដៃ​ដល់​ក្នុង​ការ​លួច​សារីរិកធាតុ គឺ​មាន​តែ​ឈ្មោះ កែវ រស្មី ប៉ុណ្ណោះ។
បើ​ទោះ​បី​ជា​ព្រះ​សារីរិកធាតុ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បាន​រក​ឃើញ​វិញ​ក៏​ដោយ ក៏​មជ្ឈដ្ឋាន​មួយ​ចំនួន បាន​សម្តែង​ការ​មន្ទិល​សង្ស័យ ថា កោដ្ឋ​ដាក់​តម្កល់​ព្រះ​សារីរិកធាតុ ដែល​បាន​រក​ឃើញ​នេះ អាច​ក្លែង​ក្លាយ ហើយ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន អាច​ជា​អ្នក​ដែល​គេ​ឲ្យ​ទទួល​ទោស​ជំនួស​អ្នក​ដទៃ។
ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែល​ធ្លាប់​ដឹក​នាំ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ព្រះ​សារីរិកធាតុ​ឲ្យ​ឃើញ​នោះ មាន​សង្ឃ​ដីកា​កាល​ពី​ម្សិលមិញ​ថា ព្រះ​តេជគុណ​នៅ​មិន​ទាន់​ជឿ​ទាំង​ស្រុង​ថា កោដ្ឋ​តម្កល់​ព្រះ​សារីរិកធាតុ​ដែល​សមត្ថកិច្ច​ទើប​ចាប់​បាន​ពី​ជន​សង្ស័យ នោះ ពិត​ឡើយ ពីព្រោះ​ទាំង​ទម្រង់ ពណ៌​សម្បុរ​របស់​ព្រះ​សុវណ្ណកោដ្ឋ​មើល​ទៅ​គឺ​ខុស​ពី​កោដ្ឋ​ដែល​ព្រះអង្គ​ធ្លាប់​ឃើញ​កាល​ពី​មុន។
ព្រះ​តេជគុណ​បន្ត​ថា៖ «យើង​កំពុង​ធ្វើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាក់​បង្ហាញ​ឯកសារ​សម័យ​ព្រះ​ករុណា ព្រះ​នរោត្តម សីហនុ ឆ្នាំ ២០០២ ដង្ហែ​ព្រះ​សារីរិកធាតុ​ឲ្យ​ពលរដ្ឋ​ដឹង និង​បាន​មើល​ព្រះ​កោដ្ឋ​នោះ រួច​ហើយ ត្រូវ​ចាក់​កោដ្ឋ​ដែល​រក​ឃើញ​ថ្មី​នេះ នោះ​ពលរដ្ឋ​នឹង​ដឹង​ថា ជា​របស់​ពិត ឬ​មិន​ពិត»។
នៅ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក គេ​បាន​បង្ហោះ​កោដ្ឋ​ដាក់​តម្កល់​ព្រះ​សារីរិកធាតុ ចំនួន​ពីរ ដែល​ត្រូវ​បាន​គេ​អះអាង​ថា មួយ​ជា​កោដ្ឋ​ចាស់ កាល​ពី​មិន​ទាន់​បាត់ និង​កោដ្ឋ​ថ្មី ដែល​ទើប​រក​ឃើញ​ដែល​រូប​ទាំង​ពីរ​នេះ​មើល​ទៅ​មាន​លក្ខណៈ​ខុស​គ្នា៕