Tuesday, February 18, 2014

គណបក្ស​​ទាំង​ពីរ​​ព្រម​ព្រៀង​​បង្កើត​​គណៈ​កម្មការ​​ចម្រុះ​ សិក្សា​​និង​​រៀប​ចំ​​ក្រប​ខណ្ឌ​​កំណែ​​ទម្រ​ង់​​ការ​​បោះឆ្នោត​​

ដោយ លី ម៉េងហួរ
ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ រយៈពេល ២ ម៉ោង​កន្លះ នៅ​ព្រឹក​ថ្ងៃទី១៨កុម្ភៈ​នេះ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយមាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​សិក្សា និង​រៀបចំ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ។ គណៈកម្មការ​ចម្រុះ​នោះ នឹងត្រូវ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ជាតិ​មួយ ដើម្បី​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​យោបល់ និង​អនុសាសន៍​នានា​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា ដោយ​បិទទ្វារ​រយៈពេល ២ ម៉ោង​កន្លះ ចាប់ពី​ម៉ោង៩ព្រឹក ថ្ងៃទី១៨កុម្ភៈ​នេះ នៅ​វិមាន​ព្រឹទ្ធសភា។ ក្រុមការងារ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​មូលមាត់គ្នា ៣ ចំណុច រួមមាន បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយមាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សិក្សា និង​រៀបចំ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ សំដៅ​ធានា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។
ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក​ព្រុំ​សុខា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សុន​ឆ័យ ដែលមាន​សមាសភាព ៣ រូប​ម្ខាង ក៏បាន​ព្រមព្រៀង​ថា ដើម្បី​រៀបចំ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​នេះ គណៈកម្មការ​ចម្រុះ​ត្រូវ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ជាតិ​មួយ ដើម្បី​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​យោបល់ និង​អនុសាសន៍​នានា​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី សង្គម​ស៊ីវិល ដែលមាន​ជំនាញ​លើ​ការងារ​បោះឆ្នោត ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ ក្រុមការងារ​គណបក្ស​ទាំងពីរ ក៏បាន​ព្រមព្រៀង ត្រូវ​បង្កលក្ខណៈ​ឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការផ្តល់​មតិយោបល់ សម្រាប់​ការកែទម្រង់​ការបោះឆ្នោត ជាអាទិ៍ តាមរយៈ​វេទិកាសាធារណៈ។

ក្នុង​កិច្ចដំណើរការ​នៃ​កំណែទម្រង់​ការបោះឆ្នោត​នេះ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ក៏បាន​ព្រមព្រៀង​ថា ត្រូវ​បង្កលក្ខណៈ​ឲ្យ​មានការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា។

លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ខាង​នេះ នឹង​ត្រូវរាយការណ៍ជូន​ថ្នាក់ដឹកនាំ​គណបក្សរៀងៗខ្លួន ហើយ​បាន​ឯកភាព បន្ត​ជួបគ្នា លើក​ក្រោយ​ទៀត ដើម្បី​ឈានទៅដល់​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ។

ជំនួប​លើក​ក្រោយ និង​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ មិនត្រូវ​បាន​លោក​សុន​ឆ័យ និង​លោក ព្រុំ សុខា បញ្ជាក់ថា នឹងធ្វើ​ពេលណា​នោះទេ។
យ៉ាងណាក៏ដោយ ប្រធាន​ក្រុមការងារ​គណបក្ស​ទាំងពីរ បានចាត់ទុក​លទ្ធផល​ខាងលើនេះ ថា​ជា​ជោគជ័យ ហើយ​សង្ឃឹមថា នឹង​អាចឈាន​ទៅដល់​ការដោះស្រាយ​បញ្ហានយោបាយ នាពេល​សព្វថ្ងៃ។

ការទាមទារ​បោះឆ្នោត​មុន​អាណត្តិ ការសើរើ​លទ្ធផល​បោះឆ្នោត និង​ការចូល​ប្រជុំ​រដ្ឋសភា ឬ​មិន​ចូលប្រជុំ​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ មិនត្រូវ​បានលើកឡើង ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​ទេ។ តែ​លោក​សុន​ឆ័យ អះអាងថា បញ្ហា​ទាំងនេះ ជាការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល៕

tags: កម្ពុជា - គណបក្សនយោបាយ
Resource:http://www.khmer.rfi.fr